
ភ្នំពេញ៖ ជាការឆ្លើយតបនឹងបញ្ហាជ្រើសរើស និងប្រើប្រាស់ទុយោមានគុណភាព ក្រុមហ៊ុន ខេ & ខេ ខេមបូឌា គ្រុប (K&K Cambodia Group) បានរៀបចំ កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងការទស្សនកិច្ចរោងចក្រ ខេ & ខេ ផាយផ៍ ខេមបូឌា នៅទីតាំងរោងចក្រផ្ទាល់ ដែលស្ថិតនៅផ្លូវលេខ១៣០ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (តាមបណ្តោយផ្លូវទៅរមណីយដ្ឋានភ្នំបាសិទ្ធ) ដើម្បីជួយដោះស្រាយនូវរាល់បញ្ហាដែលម្ចាស់អាជីវកម្មទឹកស្អាត និងអតិថិជនទាំងអស់តែងជួបប្រទះ ពីការប្រើប្រាស់ទុយោទឹក និងដើម្បីបង្កើនសក្តានុពលនៃការប្រើប្រាស់ទុយោបានត្រឹមត្រូវ។

កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងការទស្សនកិច្ចរោងចក្រ ខេ & ខេ ផាយផ៍ ខេមបូឌា បានរៀបចំឡើងនាថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០២២ នេះ ដោយមានការចូលរួមជាកិត្តិយសជាតិ និងអន្តរជាតិប្រហែលជាង២០០នាក់ ជាពិសេសការចូលរួមពីអគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ តំណាងកុ្រមប្រឹក្សាភិបាលសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា តំណាងក្រុមហ៊ុនឯកជននានា ដៃគូរអភិវឌ្ឃន៍ អង្គការជាតិ និងអន្តរជាតិ តំណាងសកលវិទ្យាល័យ ក្រុមហ៊ុនដៃគូរ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ខេ & ខេ ផាយផ៍ ខេមបូឌា និង គ្រូឧទ្ទេស (ជាវាគ្មិន) ដែលមានជំនាញនៅក្នុងវិស័យទឹកស្អាត និងអនាម័យ ម្ចាស់អាជីវកម្មទឹកស្អាតពីគ្រប់បណ្តាខេត្តក្រុងក្នុងប្រទេសកម្ពុជា សមាជិកនៃសមាគមផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (Cambodia Water Supply Association) និងអតិថិជនសក្តានុពលរបស់ក្រុមហ៊ុន ខេ & ខេ ផាយផ៍ ខេមបូឌា ។

ក្រុមហ៊ុនទុយោ ខេ & ខេ ផាយផ៍ ខេមបូឌា ដែលជាក្រុមហ៊ុនផលិតទុយោ PE គុណភាពខ្ពស់ជាងគេ និងក្រុមហ៊ុន Tiger Water Solutions ដែលជាក្រុមហ៊ុនផលិតផលធុងទឹកខ្នាតធំស្តង់ដារប្រទេសអូស្ត្រាលីបានសហការជាដៃគូធុរកិច្ចជាមួយគ្នាយ៉ាងជិតស្និត រួមគ្នារៀបចំកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលមួយនេះឡើង ដើម្បីជួយដោះស្រាយនូវរាល់បញ្ហាដែលម្ចាស់អាជីវកម្មទឹកស្អាត និងអតិថិជនទាំងអស់តែងជួបប្រទះជារៀងរាល់ថ្ងៃ ដូចជា ការតភ្ជាប់បំពង់ទុយោទៅកាន់គោលដៅនិមួយៗ ការបែកធ្លាយទឹក តាមរយៈក្បាលម៉ាស៊ីន បំពង់ទុយោ សម្ពាធទឹកទាប បំពង់ស្ទះ និងទឹកមិនស្អាតឆ្លងមេរោគ ដោយសារតែការលេចធ្លាយទុយោ និងការប្រើប្រាស់បំពង់ទុយោមិនបានត្រឹមត្រូវតាមស្តង់ដារជាដើម។

ក្រៅពីកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសពីអ្នកជំនាញខាងប្រព័ន្ធទឹកស្អាត និងអនាម័យ ក្រុមហ៊ុន ខេ & ខេ ផាយផ៍ ខេមបូឌា ក៏មានកម្មវិធីដ៏គួរឱ្យចាប់អាម្មណ៍មួយទៀត នោះគឺដំណើរទស្សនកិច្ចរោងចក្រ ខេ & ខេ ផាយផ៍ ខេមបូឌា ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទឹកស្អាតកម្ពុជាជាច្រើនរូបទៀត ព្រមទាំងម្ចាស់អាជីវកម្មទឹកស្អាតពីគ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេសកម្ពុជា ដើម្បីចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីចង្វាក់ផលិតកម្មនៃការផលិតទុយោ PE ដោយផ្ទាល់នៅក្នុងរោងចក្រ ខេ & ខេ ផាយផ៍ ខេមបូឌា។


កម្មវិធីដំណើរទស្សនកិច្ចរោងចក្រ ខេ & ខេ ផាយផ៍ ខេមបូឌា ជាកម្មវិធីថ្មីមួយដែលមិនដែលកើតឡើងកន្លងមក ហើយក៏ជាការបើកទំព័រថ្មីដល់អតិថិជនរបស់ក្រុមហ៊ុនខេ & ខេ ផាយផ៍ ខេមបូឌា ក្នុងការកសាងនូវតម្លាភាពផលិតកម្ម ទំនុកចិត្ត ភាពជឿជាក់ និងការពេញចិត្តរបស់អតិថិជន។ ជាពិសេសរោងចក្រ ខេ & ខេ ផាយផ៍ ខេមបូឌា ក៏បានសហការជាមួយសកលវិទ្យាល័យនានាក្នុងការផ្តល់ឳកាសដល់និស្សិតក្នុងការ ទស្សនកិច្ចសិក្សារោងចក្រស្វែងយល់ពីចង្វាក់ផលិតកម្មតាមរយះកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយក្រុមហ៊ុន ខេ & ខេ ផាយផ៍ ខេមបូឌា www.kkpipecambodia.com ឬទំនាក់ទំនងមកកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ០១៧ ២៤ ២៦ ៧៤ / ០៧៧ ៦៤ ២១ ១២៕